ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល
ក្នុងឆ្នាំ២០២២ ការរីករាលដាលនៃជំងឺកូវីដ-១៩ មានការថមថយគួរឱ្យកត់សំគាល់ ដែលអនុញ្ញាតឱ្យបណ្តាប្រទេសមួយចំនួនលើពិភពលោក រួមទាំងប្រទេសកម្ពុជា អាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ ទោះជាយ៉ាងនេះក៏ដោយសេដ្ឋកិច្ចពិភពលោក នៅមានកំណើនយឺត ខណៈដែលពិភពលោកបានជួបប្រទះនូវវិបត្តិថ្មីមួយទៀតគឺ វិបត្តិភូមិសាស្ត្រនយោបាយនៃ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលធ្វើឱ្យអត្រាអតិផរណាពិភពលោកមានការកើនឡើង។ កត្តានេះបានធ្វើឱ្យធនាគារកណ្តាលនៃបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិកអនុវត្តនូវគោលនយោបាយរូបិយវត្ថុ ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុ និងដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាល ដើម្បីកាត់បន្ថយអត្រាអតិផរណា។
កត្តាសេដ្ឋកិច្ចពិភពលោកនេះ ជះឥទ្ធិពលអវិជ្ជមានផងដែរដល់សេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរការជាធម្មតាឡើងវិញនៃសេដ្ឋកិច្ចជាតិ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ផលប៉ះពាល់ជាអវិជ្ជមានត្រូវបានកាត់បន្ថយ ដែលជាហេតុធ្វើឱ្យកំណើននៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០២២ ត្រូវបានប៉ាន់ប្រមាណក្នុងរង្វង់ ៥,២%។ កំណើននេះត្រូវបានជំរុញដោយ វិស័យកាត់ដេរសេវាកម្ម និងទេសចរណ៍។
ឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងក្នុងប្រទេស គ្រឹះស្ថាន ខេមា នៅតែអាចរក្សាបាននូវភាពធន់របស់ខ្លួន ដែលបង្ហាញតាមរយៈសមិទ្ធផលដូចមានបង្ហាញក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២២។ គ្រឹះស្ថាននៅតែបន្តនិរន្តរភាពនៃប្រតិបត្តិការរបស់ខ្លួន តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្ររយៈពេលវែង ៥ឆ្នាំ ២០២០-២០២៤។ នវានវត្តន៍ និងបច្ចេកវិទ្យា គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្ររបស់ ខេមា។ ឥណទានឌីជីថល ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការសាកល្បងក្នុងឆ្នាំ ២០២២។ ឥណទាននេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនរបស់ ខេមា ដោយអនុញ្ញាតឱ្យអតិថិជន ទទួលបានឥណទានលឿន ឆាប់រហ័ស ចំណេញពេល និងមិនមានភាពសាំញាំច្រើនលើឯកសារ។ ឌីជីថលម៉ាឃីតធីង ក៏ត្រូវបានអភិវឌ្ឍផងដែរ ដើម្បីជំរុញនូវការផ្សព្វផ្សាយតាមបរិបទថ្មីនៃឌីជីថល។ នៅក្នុងយុទ្ធសាស្ត្ររបស់យើង ការវិនិយោគលើធនធានមនុស្ស តាមរយៈការអភិវឌ្ឍចំណេះជំនាញនៅតែជាចំណុចអាទិភាព។ វគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅគ្រឹះស្ថាន ត្រូវបានផ្តល់ឱ្យទៅបុគ្គលិកគ្រប់លំដាប់ថ្នាក់។ នាយកសាខាទាំងអស់របស់គ្រឹះស្ថាន ខេមា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពគ្រប់គ្រងសាខា ប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ភ្នាក់ងារឥណទានប្រមាណ ៥០% បានចូលរៀនវគ្គបណ្តុះបណ្តាល ការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ ដែលរៀបចំដោយ វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ។ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលបុគ្គលិក Camma Digital Learning Apps ក៏ត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០២២ នេះ។
ការអនុវត្តបានពេញលេញនូវ ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SME) និងស្តង់ដាពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគ្រឹះស្ថាន ខេមា ទទួលបាននូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស មានសុពលភាពពីរឆ្នាំជាប់គ្នា គឺឆ្នាំ២០២៣ និង ២០២៤។ សមិទ្ធផលទាំងនេះកើតឡើងពីការកំណត់ច្បាស់លាស់នូវចក្ខុវិស័យ បេសកកម្ម តម្លៃស្នូល និងផែនការយុទ្ធសាស្ត្ររបស់គ្រឹះស្ថាន។ លើសពីនេះ គឺការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងភាពស្មោះត្រង់ចំពោះអតិថិជន និងគ្រឹះស្ថាន។
នៅឆ្នាំបន្ទាប់ខាងមុខ គ្រឹះស្ថាន ខេមា នៅតែបន្តពង្រឹងបន្ថែមទៅលើយុទ្ធសាស្ត្រឌីជីថល ដោយគ្រោងដាក់ឱ្យដំណើរការនូវប្រព័ន្ធអនុម័តឥណទាន (Loan Origination System) និងប្រព័ន្ធមជ្ឍមណ្ឌលទំនាក់ទំនង (Contact Center System) ដើម្បីបង្កើនគុណភាពសេវាអតិថិជន និងប្រសិទ្ធភាពការងារ។ គ្រឹះស្ថាន ខេមា នៅតែបន្តយកចិត្តទុកដាក់ក្នុងការផ្តល់ឥណទានដល់អតិថិជនជាស្ត្រី ស្របតាមបេសកកម្មរបស់ខ្លួន ហើយយើងធ្វើការងារនេះបានជោគជ័យ ដោយស្តែងចេញតាមរយៈកំណើនអត្រាអតិថិជនជាស្ដ្រីពី ៥២% ក្នុងឆ្នាំ២០២០ កើនឡើងដល់ ៥៩% ក្នុងឆ្នាំ២០២២។ បន្ថែមលើនេះ គ្រឹះស្ថាន ខេមា ក៏គ្រោងដាក់ឱ្យដំណើរការផងដែរនូវផលិតផលឥណទានបៃតង ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងនៅក្នុងសកម្មភាពសង្គមរបស់ខ្លួន។
ឆ្នាំ២០២៣ គឺជាឆ្នាំទីមួយ ដែលនាងខ្ញុំចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន ខេមា។ នាងខ្ញុំសម្តែងនូវការដឹងគុណ និងអំណរគុណជូនចំពោះ លោក ធន់ វឌ្ឍនា ដែលបានដឹកនាំគ្រឹះស្ថានឱ្យមានភាពរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ សូមលោក ធន់ វឌ្ឍនា ទទួលបាននូវជោគជ័យក្នុងភារកិច្ច និងកាតព្វកិច្ចថ្មីរបស់លោក។
ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មីនេះ នាងខ្ញុំសូមប្តេជ្ញាបន្តដឹកនាំ គ្រឹះស្ថាន ខេមា ប្រកបដោយ និរន្តរភាព ដើម្បីឈានទៅទទួលជោគជ័យ តាមគោលដៅ ដែលបានកំណត់។ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សមាជិក ក្រុមប្រឹក្សាភិបាល បុគ្គលិកគ្រប់លំដាប់ថ្នាក់ នឹងចូលរួមយ៉ាង សស្រាក់សស្រាំជាមួយនាងខ្ញុំ ប្រកបដោយឆន្ទៈ និងផ្នត់គំនិត នៃការធ្វើការងារជាក្រុមក្នុងដំណើរមួយនេះ។ នាងខ្ញុំក៏សង្ឃឹម ផងដែរថា ឆ្នាំ២០២៣ គ្រឹះស្ថាននឹងទទួលបានជោគជ័យ ថែមមួយកម្រិតទៀត។
ជាទីបញ្ចប់ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់លំដាប់ថ្នាក់ ចំពោះ ការលះបង់នូវកម្លាំងកាយចិត្ត ចូលរួមបំពេញបេសកកម្មរបស់ គ្រឹះស្ថាន ខេមា ប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់។ នាងខ្ញុំក៏សូមសម្ដែងនូវការអរគុណផងដែរ ជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា អតិថិជន និងដៃគូទាំងអស់ចំពោះកិច្ចសហការ និងការគាំទ្រ៕