ការគោរពគោលការណ៍ការពារបរិស្ថាន សង្គម និងអភិបាលកិច្ច
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ប្តេជ្ញាចិត្តរួមចំណែកក្នុងកិច្ចការពារសង្គម និងបរិស្ថាន និងការអនុវត្តទៅតាមបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពកម្ពុជា (CSFP)។ គ្រឹះស្ថាន ខេមា បានយកចិត្តទុកដាក់បំផុតចំពោះបរិស្ថាន សង្គម ការពារមនុស្សជាតិ និងអភិរក្សបេតិកភណ្ឌវប្បធម៌ តាមរយៈការសិក្សាវាយតម្លៃ ការគ្រប់គ្រង ការកាត់បន្ថយ ការទូទាត់សំណង ឬការបញ្ចៀសនូវរាល់ហានិភ័យ ឬផលប៉ះពាល់អវិជ្ជមានសំខាន់ៗ ដែលកើតចេញពីសកម្មភាពអាជីវកម្មរបស់អតិថិជន។ ដូច្នេះរាល់សកម្មភាពអាជីវកម្មរបស់អតិថិជនត្រូវអនុវត្តដូចខាងក្រោម៖
- អនុលោមតាមច្បាប់ និងបទបញ្ញត្តិបរិស្ថាន និងសង្គមជាតិ និងបទដ្ឋានអនុវត្តរបស់គ្រឹះស្ថាន ខេមា
- គោរពបទដ្ឋានអនុវត្តបរិស្ថាន និងសង្គម ដោយត្រូវចៀសវាងដាច់ខាតនូវការបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម។
គ្រឹះស្ថាន ខេមា នឹងមិនផ្តល់ហិរញ្ញប្បទានដល់សកម្មភាពទាំងឡាយណាដែលមានក្នុង "បញ្ជីមុខរបរ ឬសកម្មភាពអាជីវកម្មហាមឃាត់" ដូចខាងក្រោម៖
- ហានិភ័យ និងផលប៉ះពាល់ដល់បរិស្ថាន និងសង្គម
- សកម្មភាពអាជីវកម្ម ដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ក្នុងការកាប់ឈើ បំផ្លាញព្រៃឈើ និងការសម្អាតព្រៃឈើលើសពីទំហំអនុញ្ញាត ឬគ្មានលិខិតអនុញ្ញាត ឬមិនឆ្លងកាត់ការវាយតម្លៃភាពសមស្របពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬអាជ្ញាធរមានសមត្ថកិច្ច
- សកម្មភាពអាជីវកម្ម ក្នុងការចាក់បំពេញបឹងធម្មជាតិ ទន្លេ ផ្លូវទឹក ឬសំណង់វារីអគ្គិសនី ដែលបង្កឱ្យមានការជន់លិច ទឹកជំនន់ គ្រោះរាំងស្ងួត និងបាត់បង់ធនធានជីវចម្រុះ
- ការផលិត និងការជួញដូរឱសថ និងសារធាតុគីមីគ្រោះថ្នាក់ ដែលត្រូវហាមឃាត់ដោយច្បាប់ជាតិ និងអន្តរជាតិ ឬអនុសញ្ញារួម
- សកម្មភាពអាជីវកម្មក្នុងការផលិត និងបង្កឱ្យមានកាកសំណល់រឹង និងរាវ ដែលមានទំហំធំធេង
- សកម្មភាពអាជីវកម្មក្នុងការផលិត ឬបញ្ចេញធូលី ផ្សែង ក្លិនកខ្វក់ និងសំឡេងរំខានខ្លាំង ដែលបង្កឱ្យមានផលប៉ះពាល់ទៅដល់សកម្មភាពនៃការរស់នៅរបស់ប្រជាជនក្នុងតំបន់។
- ពលកម្ម និងលក្ខខណ្ឌការងារ និងសុខភាព សុវត្ថិភាព និងសុខមាលភាពសហគមន៍
- សកម្មភាពអាជីវកម្មដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយនឹងការជួញមនុស្ស ឬជ្រើសរើសកម្មករពីក្រៅប្រទេសមកធ្វើការមិនស្របច្បាប់
- សកម្មភាពអាជីវកម្ម ប្រើប្រាស់កម្លាំងពលកម្មកុមារ ដោយផ្ទាល់ ឬប្រយោល
- សកម្មភាពអាជីវកម្មមានការប្រើប្រាស់ពលកម្មដោយបង្ខំគ្រប់ទម្រង់រូបភាព និងការកេងប្រវ័ញ្ចលក្ខខណ្ឌការងារ ការងារសម្រាប់តែអាយុជីវិត ការបង្ខំធ្វើការដើម្បីសងបំណុល ការបំបិតសិទ្ធិកម្មករ ការងារជាទាសករ
- ការងារស្ថិតក្នុងសភាពគ្រោះថ្នាក់ ឬទីកន្លែងមានសារធាតុពុល ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ បង្កឱ្យមានជំងឺ ឬបង្កឱ្យមានបញ្ហាសុខភាពយូរអង្វែង
- សកម្មភាពអាជីវកម្មដែលអាចបង្កឱ្យមានការផ្ទុះ បញ្ហាធូលី បញ្ហាផ្សែងច្រើន និងសំឡេងរំខានខ្លាំងប៉ះពាល់ដល់សុខភាព សុវត្ថិភាពការងារ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅជុំវិញតំបន់ទីតាំងអាជីវកម្ម។
- ការប្រើប្រាស់ធនធានប្រកបដោយសុវត្ថិភាព និងការគ្រប់គ្រងការបំពុលបរិស្ថាន
- សកម្មភាពអាជីវកម្មដែលមានការប្រើប្រាស់ទឹក អគ្គិសនីមានទំហំច្រើន ដែលបណ្តាលឱ្យមានការរំខានទៅដល់អ្នកដែលរស់នៅក្បែរតំបន់ទីតាំងអាជីវកម្ម
- សកម្មភាពអាជីវកម្មដែលមានការប្រើប្រាស់ក្រដាស និងធនធានធម្មជាតិច្រើន
- ការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) កាបូន (Co2) ការបំពុលទឹក និងការបំពុលដី។
- លទ្ធកម្មដីធ្លី និងតាំងទីលំនៅដោយមិនស្ម័គ្រចិត្ត
- សកម្មភាពអាជីវកម្មដែលបង្កឱ្យមានបញ្ហាជម្លោះដីធ្លី
- សកម្មភាពអាជីវកម្មបង្កឱ្យមានការបាត់បង់ដីធ្លី បាត់បង់សិទ្ធិកាន់កាប់ដីធ្លី រឹតត្បិតលើការប្រើប្រាស់ដីធ្លី ដែលមិនអាចរស់នៅអាស្រ័យផល ឬប្រកបអាជីវកម្មបាន
- បាត់បង់ដីធ្លីរបស់សហគមន៍ ទីតាំងដែលមានតម្លៃចំពោះសហគមន៍
- សកម្មភាពអាជីវកម្មដែលបង្កជម្លៀស និងតាំងទីលំនៅដោយមិនស្ម័គ្រចិត្ត។
- ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិមានជីវិតប្រកបដោយចីរភាព
- សកម្មភាពអាជីវកម្មដែលបង្កឱ្យមានការបាត់បង់ជីវិត ទីជម្រក ចំពោះប្រភេទសត្វក្នុងក្រុមប្រភេទជិតផុតពូជ និងក្រុមប្រភេទមានដោយកម្រ និងចំពោះប្រភេទសត្វក្នុងក្រុមប្រភេទមានដោយបង្គួរ
- សកម្មភាពអាជីវកម្មដែលបង្កឱ្យមានការបាត់បង់ធនធានទឹក និងធនធានធម្មជាតិ បាត់បង់ផ្លូវទឹក ផ្លូវអាកាស
- សកម្មភាពអាជីវកម្មដែលបង្កឱ្យមានការកើនឡើងនូវប្រភេទសត្វចង្រៃ ការរុករាននូវប្រភេទសត្វចម្លែក ការរីករាលដាលជំងឺរាលត្បាត/អាសន្នរោគ
- សកម្មភាពអាជីវកម្មដែលឃើញថាមានការកេងប្រវ័ញ្ចធនធានធម្មជាតិហួសហេតុ។
- ជនជាតិដើមភាគតិច និងបេតិកភណ្ឌវប្បធម៌
- សកម្មភាពអាជីវកម្មដែលបង្កឱ្យមានការបាត់បង់ បេតិកភណ្ឌវប្បធម៌ដូចជា៖ ទីសក្ការៈបូជា ដីអាស្រ័យផល ភូមិដ្ឋាន ឬសហគមន៍
- សកម្មភាពអាជីវកម្មដែលបង្កឱ្យមានការបាត់បង់ដីធ្លី ដោយសារលទ្ធកម្មដីធ្លី និងការតាំងលំនៅដោយមិនស្ម័គ្រចិត្តរបស់ជនជាតិដើមភាគតិច។
គ្រឹះស្ថាន ខេមា នឹងមិនផ្ដល់ប្រាក់កម្ចីដល់សកម្មភាពទាំងឡាយ នៅក្នុង «បញ្ជីមុខរបរឬសកម្មភាពអាជីវកម្មហាមឃាត់» ដូចខាងក្រោម៖
- ផលិតកម្ម ឬសកម្មភាពអាជីវកម្មទាំងឡាយណា ដែលពាក់ព័ន្ធនឹងពលកម្មដែលមានគ្រោះថ្នាក់ ឬធ្វើអាជីវកម្ម ដោយប្រើបា្រស់កម្លាំងពលកម្មបង្ខំ ឬការប្រើបា្រស់ពលកម្មកុមារ
- ផលិតកម្ម ឬពាណិជ្ជកម្មអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ
- ល្បែងស៊ីសង កាស៊ីណូ ពេស្យាចារ និងសហគ្រាសដែលមានសកម្មភាពស្រដៀងគ្នា
- ពាណិជ្ជកម្មសត្វព្រៃ ឬផលិតផលអំពីសត្វព្រៃ ដែលបានកំណត់ដោយច្បាប់
- ផលិតកម្ម ឬពាណិជ្ជកម្មសម្ភារវិទ្យុសកម្ម។ សកម្មភាពនេះមិនរាប់បញ្ចូលចំពោះការទិញឧបករណ៍វេជ្ជសាស្រ្ត ឧបករណ៍ត្រួតពិនិត្យគុណភាព (ឧបករណ៍វាស់វែង) និងឧបករណ៍ណាមួយ ដែលគ្រឹះស្ថានចាត់ទុកថាមានប្រភពវិទ្យុសកម្មតិចតួចបំផុត ឬបានការពារគ្រប់គ្រាន់
- ផលិតកម្ម ឬពាណិជ្ជកម្មផលិតផល ឬសកម្មភាពណាមួយ ដែលត្រូវបានចាត់ទុកថាខុសច្បាប់ ឬបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ឬអនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ ឬដែលជាកម្មវត្ថុត្រូវហាមឃាត់ជាអន្តរជាតិ ដូចជា៖ ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅដែលមានសារធាតុបំផ្លាញស្រទាប់អូហ្សូន ផលិតផលដែលផ្ទុកសារធាតុ PCBs ផលិតផលអំពីសត្វព្រៃដែលបញ្ញត្តិដោយកិច្ចព្រមព្រៀង CITES
- ផលិតកម្ម និងពាណិជ្ជកម្មលើផលិតផលណា ដែលជាកម្មវត្ថុនៃការកាត់បន្ថយ ឬហាមឃាត់ជាអន្តរជាតិ ដែលគ្រឹះស្ថានបានដឹងជាផ្លូវការ
- ផលិតកម្ម ឬសេវាកម្ម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ ហើយដែលត្រូវបានហាមឃាត់ ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- សកម្មភាពដទៃផ្សេងទៀត ដែលមិនស្របទៅនឹងច្បាប់ ឬនិយតកម្មនានា នៃព្រះរាជាណាចក្រកម្ពុជា ឬអនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ
- ផលិតកម្ម ឬពាណិជ្ជកម្មឈើ ឬផលិតផលព្រៃឈើដទៃទៀត ក្រៅពីព្រៃឈើដែលមានការគ្រប់គ្រងប្រកបដោយចីរភាព
- ផលិតកម្ម ឬពាណិជ្ជកម្មថ្នាំជក់
- ផលិតកម្ម ឬពាណិជ្ជកម្មភេសជ្ជៈមានជាតិអាល់កុល (លើកលែងស្រាបៀរ និងស្រាក្រហម)
- ផលិតកម្ម ឬពាណិជ្ជកម្ម ឬសកម្មភាពអាជីវកម្មប្រើបា្រស់សារធាតុ Unbounded Asbestos Fiber។ សកម្មភាពនេះមិនអនុវត្តចំពោះការទិញ និងការប្រើបា្រស់ហ្វីប្រូស៊ីម៉ងត៍ដែលផ្ទុកសារធាតុ asbestos ក្នុងបរិមាណតិចជាង ២០ភាគរយ
- ពាណិជ្ជកម្មដែលបានមកពីប្រតិបត្តិការកាប់ឈើសម្រាប់ប្រើប្រាស់ក្នុងព្រៃត្រូពិច
- ផលិតកម្ម ឬពាណិជ្ជកម្ម ស្តុក ឬការដឹកជញ្ជូនសារធាតុគីមីគ្រោះថ្នាក់ក្នុងបរិមាណច្រើន ឬការប្រើបា្រស់សារធាតុគីមីដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់ក្នុងការធ្វើអាជីវកម្ម។ សារធាតុគីមីដែលមានគ្រោះថ្នាក់រួមមាន៖ ប្រេងសាំង ប្រេងកាត និងផលិតផលប្រេងផ្សេងទៀត
- ផលិតកម្ម ឬពាណិជ្ជកម្មឱសថ ដែលអន្តរជាតិកាត់បន្ថយ ឬហាមឃាត់
- ផលិតកម្ម ឬពាណិជ្ជកម្មថ្នាំសម្លាប់សត្វល្អិត/តិណជាតិ ដែលអន្តរជាតិកាត់បន្ថយ ឬហាមឃាត់។
- ផលិតកម្ម ឬពាណិជ្ជកម្មសារធាតុបំផ្លាញស្រទាប់អូហ្សូន ដែលអន្តរជាតិកាត់បន្ថយ/ហាមឃាត់
- ការនេសាទក្នុងដែនសមុទ្រដែលប្រើបា្រស់មងអូស/អួនដែលមានប្រវែងលើសពី ២,៥គីឡូម៉ែត្រ
- ផលិតកម្ម ឬសកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់ដីដែលជាកម្មសិទ្ធិរបស់ជនជាតិដើមភាគតិច ឬមិនមែនជនជាតិដើមភាគតិច ឬដែលទាមទារតវ៉ាពីសំណាក់ជនជាតិទាំងនោះ ដោយគ្មានឯកសារយល់ព្រមពេញលេញពីជនជាតិដើមភាគតិច
- ផលិតកម្ម ឬសកម្មភាពចែកចាយព័ត៌មានដែលប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ឬព័ត៌មានដែលផ្សាយពីការរើសអើងពូជសាសន៍៕