ប្រវត្តិរបស់ ខេមា
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ត្រូវបានផ្ដួចផ្តើមគំនិត និងបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ ដែលក្នុងពេលនោះខេមា គឺជាប្រតិបត្តិករឥណទានឯកជនមួយ ដែលបានធ្វើប្រតិបត្តិការ និងផ្តល់សេវាឥណទានជូនប្រជាពលរដ្ឋកម្ពុជាក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
តម្រូវការឥណទានដើម្បីពង្រីកមុខរបរ បង្កើនប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ អតិថិជនដែលទទួលបានឥណទានក៏មានជីវភាពធូរធារ និងមានការអភិវឌ្ឍជាលំដាប់។ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការឥណទានក៏ដូចជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ចាំបាច់តម្រូវឱ្យ ខេមា ពង្រីកវិសាលភាពប្រតិបត្តិការ បង្កើនទំនុកចិត្ត ភាពជឿជាក់ និងពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន។
កត្តាទាំងនេះជំរុញឱ្យគ្រឹះស្ថាន ខេមា ប្រែក្លាយពីប្រតិបត្តិករឥណទានឯកជន មកជាគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដ៏មានទំនុកចិត្តមួយ តាមរយៈការចុះបញ្ជីទៅជា ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតនៅ ក្រសួងពាណិជ្ជកម្ម ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ 00.0700KH/2010 នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១០ ជាមួយនឹងដើមទុនចុះបញ្ជីចំនួន ២០០.០០០ (ពីររយពាន់) ដុល្លារអាមេរិក។
បន្ទាប់មកនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ គ្រឹះស្ថាន ខេមា ទទួលបានអាជ្ញាបណ្ណផ្លូវការពី ធនាគារជាតិនៃកម្ពុជា គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានសិទ្ធិពេញលេញ ក្នុងការផ្តល់ឥណទានជូនអតិថិជន។ ខេមា បានរៀបចំខ្លួនឱ្យក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអភិបាលកិច្ចល្អ មានស្តង់ដាការងារត្រឹមត្រូវ និងមានគោលការណ៍ការពារអតិថិជនច្បាស់លាស់។
គិតត្រឹមបំណាច់ឆ្នាំ២០២២ គ្រឹះស្ថាន ខេមា បានបង្កើនដើមទុនចុះបញ្ជីដល់ចំនួន ៥.៥៩៣.០០០ដុល្លារ។ ខេមា មានសាខាប្រតិបត្តិការចំនួន ៥ មានបុគ្គលិក១៧០នាក់ បាន និងកំពុងបម្រើសេវាកម្មដល់អតិថិជនប្រមាណជាង ២.១៧៧នាក់ ជាមួយនឹងផលប័ត្រឥណទាន ២៣.៦៨១.៨៧៧ដុល្លារអាមេរិក។
នៅថ្ងៃខាងមុខ គ្រឹះស្ថាន ខេមា នឹងបន្តពង្រីកបណ្តាញ ប្រតិបត្តិការរបស់ខ្លួនទៅដល់ទីជនបទ និងប្រជុំជន ព្រមទាំងអភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ ជាមួយគណៈគ្រប់គ្រងដែលមានបទពិសោធន៍ច្រើនឆ្នាំ អភិបាលកិច្ចល្អ និងការប្តេជ្ញាចិត្តក្នុងសកម្មភាពសង្គម គ្រឹះស្ថាន ខេមា បានត្រៀមខ្លួនជាស្រេច ក្នុងការបន្តពង្រីកបណ្តាញប្រតិបត្តិការ និងឥទ្ធិពលរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា។
២០២២
- គ្រឹះស្ថាន ខេមា ទទួលបានអាជ្ញាបណ្ណ ក្នុងការបើកដំណើរការសាខាខេត្តកំពង់ស្ពឺ។
- គ្រឹះស្ថាន ខេមា បានបង្កើតឱ្យមានផលិតផលឥណទានកសិកម្ម និងឥណទានគ្មានទ្រព្យធានា។
២០២១
គ្រឹះស្ថាន ខេមា បានបង្កើនដើមទុនចុះបញ្ជីដល់ចំនួន ៥.៥៩៣.០០០ដុល្លារ (ប្រាំលានប្រាំរយកៅសិបបីពាន់ដុល្លារអាមេរិក)។
២០២០
គ្រឹះស្ថាន ខេមា ទទួលបានអាជ្ញាបណ្ណ ក្នុងការបើកដំណើរការសាខាស្រុកគងពិសី។
២០១៩
គ្រឹះស្ថាន ខេមា បានបង្កើនដើមទុនចុះបញ្ជីដល់ចំនួន ៣.៥៩៣.០០០ដុល្លារ (បីលានប្រាំរយកៅសិបបីពាន់ដុល្លារអាមេរិក)។
២០១៧
គ្រឹះស្ថាន ខេមា ទទួលបានអាជ្ញាបណ្ណ ក្នុងការបើកដំណើរការសាខាក្រុងតាខ្មៅ។
២០១៦
គ្រឹះស្ថាន ខេមា ទទួលបានអាជ្ញាបណ្ណ ក្នុងការបើកដំណើរការសាខាស្រុកអង្គស្នួល។
២០១៥
គ្រឹះស្ថាន ខេមា បានបង្កើនដើមទុនចុះបញ្ជីដល់ចំនួន ២.១០៣.០០០ដុល្លារ (ពីរលានមួយរយបីពាន់ដុល្លារអាមេរិក)។
២០១០
- ខេមា ទទួលបានអាជ្ញាបណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពី ធនាគារជាតិនៃកម្ពុជា។
- គ្រឹះស្ថាន ខេមា បានចុះបញ្ជីដើមទុនសរុបចំនួន ២០០.០០០ (ពីររយពាន់) ដុល្លារអាមេរិក។
២០០៨
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ត្រូវបានផ្ដួចផ្តើមគំនិត និងបង្កើតឡើងនៅក្នុងឆ្នាំ ២០០៨ ដែលក្នុងពេលនោះខេមា គឺជាប្រតិបត្តិករឥណទានឯកជនមួយ ដែលបានធ្វើប្រតិបត្តិការ និងផ្តល់សេវាឥណទានជូនប្រជាពលរដ្ឋកម្ពុជាក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។