៣០ កក្កដា ២០២២ – ក្នុងនាមជាគ្រឹះស្ថានដែលមានទស្សនវិស័យគិតគូរពីតម្លៃសង្គម គ្រឹះស្ថាន ខេមា តែងតែធ្វើកិច្ចការងារសង្គមជាច្រើនដូចជា ការបរិច្ចាគឈាម ការឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់កុមារកំព្រា និងកុមារក្រីក្រ ការផ្តល់សម្ភារការពារពីជំងឺកូវីដ-១៩ និងការចូលរួមគាំពារបរិស្ថានជាដើម។ ជាក់ស្ដែងក្នុងឆ្នាំ២០២២នេះ គ្រឹះស្ថានក៏បានរៀបចំកម្មវិធីគាំពារសហគមន៍ព្រៃកោងកាងតាមរយៈការដាំដើមកោងកាងចំនួន ១.៣០០ដើម នៅខេត្តកែប។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមអភិបាលខេត្តកែប និងថ្នាក់ដឹកនាំ គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកទាំងអស់នៃគ្រឹះស្ថាន ខេមា សរុបជាង ២០០នាក់។
សកម្មភាពនេះត្រូវបានធ្វើឡើងស្របពេលជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍១២ឆ្នាំនៃការបង្កើតគ្រឹះស្ថានផងដែរ ដើម្បីបង្កើតនូវអនុស្សាវរីយ៍ និងចំណងមិត្តភាពរវាងបុគ្គលិកនិងបុគ្គលិក ក៏ដូចជាបណ្តុះនូវស្មារតីចូលរួមថែរក្សាបរិស្ថាន ស្រឡាញ់ ការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេស ការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ការដាំដើមកោងកាង មានអត្ថប្រយោជន៍ចំពោះជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី ហើយក៏អាចកែច្នៃទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលផ្តល់ឱកាសដល់សហគមន៍ ក្នុងការស្វែងរកប្រាក់ចំណូលពីភ្ញៀវទេសចរណ៍ ដែលបានទៅទស្សនាតំបន់ទាំងនោះ។ កិច្ចការនេះ ក៏ជាផ្នែកមួយជួយគាំទ្រឱ្យសហគមន៍មាននិរន្តរភាពហិរញ្ញវត្ថុ និងជាឱកាសទទួលបានមូលនិធិហិរញ្ញប្បទានបៃតង៕