២៩ កក្កដា ២០២៣ – គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសកម្មភាពដាំដើមឈើប្រណីតចំនួន ២០០ដើម នៅសាលាបឋមសិក្សា តានួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ គឺចំថ្ងៃខួប ១៣ឆ្នាំ នៃគ្រឹះស្ថាន ខេមា។
ថ្លែងក្នុងកម្មវិធីដាំដើមឈើ នៅសាលាបឋមសិក្សា តានួន លោក លី ឈាង អគ្គនាយកប្រតិបត្តិស្ដីទី នៃគ្រឹះស្ថាន ខេមា បានគូសបញ្ជាក់ថា គោលបំណងនៃព្រឹត្តិការណ៍សហគមន៍នេះ គឺដើម្បីបណ្ដុះស្មារតីថែរក្សាបរិស្ថានដល់ក្មួយៗសិស្សានុសិស្សឱ្យចេះស្រឡាញ់ ការពារ និងអភិរក្សធនធានធម្មជាតិផង។
ព្រឹត្តិការណ៍សហគមន៍ ដែលបានប្រព្រឹត្តទៅនៅភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាសកម្មភាពមួយស្របនឹងទិសដៅសង្គមរបស់គ្រឹះស្ថាន ខេមា ដែលយកចិត្តទុកដាក់លើផលប៉ះពាល់ចំពោះសង្គម និងបរិស្ថាន។
ក្រៅពីការដាំដើមឈើ គណៈគ្រប់គ្រងរបស់គ្រឹះស្ថាន ខេមា ក៏បានប្រគល់ជូននូវសម្ភារមួយចំនួនដល់សាលាដូចជា៖ ម៉ាស៊ីនកាត់ស្មៅ ចប ប៉ែល បង្គី ធុងស្រោចទឹក និងធុងសម្រាមបរិស្ថាន ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍នៅក្នុងសាលាផងដែរ។
កម្មវិធីនេះមានវត្តមានចូលរួមរបស់ លោកអគ្គនាយកប្រតិបត្តិស្ដីទី លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបុគ្គលិកគ្រឹះស្ថាន ខេមា សរុបជាង ៣០០នាក់។
គ្រឹះស្ថាន ខេមា បានរៀបចំព្រឹត្តិការណ៍សហគមន៍ដាំដើមឈើនេះជាលើកទីពីរហើយ គឺបន្ទាប់ពីការដាំដើមកោងកាង ១៣០០ដើម នៅក្រុងកែប ខេត្តកែប កាលពីឆ្នាំ ២០២២ កន្លងទៅ ដែលនេះបង្ហាញពីឆន្ទៈចូលរួមចំណែករបស់ គ្រឹះស្ថាន ខេមា ក្នុងការធ្វើសកម្មភាពសង្គម៕