២៥ កក្កដា ២០២៤ – គ្រឹះស្ថាន ខេមា បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានទឹកស្អាតនិងអនាម័យ ជាមួយ គ្រឹះស្ថានឥណទានជនបទចំនួន៣ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
ពិធីនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលគ្រឹះស្ថាន ខេមា ដោយមានវត្តមាន លោក លី ឈាង អគ្គនាយកប្រតិបត្តិស្ដីទី គ្រឹះស្ថាន ខេមា លោក ឌី ស៊ីថា ប្រធានក្លឹបគ្រឹះស្ថានឥណទានជនបទ និងជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថាន ដៃគូ ហ្វាយនែន លោក ផេង ភាព ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានឥណទានជនបទ ស៊ី.ខេ.អិល.អេស ហ្វាយនែន និងលោក កែវ សុវណ្ណ ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថាន រិទ្ធី ហ្វាយនែន រួមជាមួយនឹងគណៈគ្រប់គ្រងនៃគ្រឹះស្ថានទាំង៤ ជាច្រើនរូបទៀត។
គោលបំណងនៃការផ្តល់ហិរញ្ញប្បទាននេះ គឺដើម្បីបង្កើនផលជះវិជ្ជមានចំពោះសុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍តាមទីជនបទនៅខេត្តតាកែវ កណ្តាល និងកំពង់ស្ពឺ តាមរយៈគម្រោង ឥណទានទឹកស្អាតនិងអនាម័យ ដែលផ្ដួចផ្ដើម និងគាំទ្រដោយអង្គការ Water.org និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
លោក លី ឈាង មានប្រសាសន៍ថា៖ “ភាពជាដៃគូជាមួយគ្រឹះស្ថានឥណទានជនបទទាំង៣ មានគោលបំណង លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុឥណទានទឹកស្អាតនិងអនាម័យសម្រាប់សហគមន៍នៅជនបទ តាមរយៈបណ្ដាញប្រតិបត្តិការរបស់គ្រឹះស្ថានឥណទានជនបទ ដែលនៅជិតអតិថិជនគោលដៅ”។
ហិរញ្ញប្បទានពីគ្រឹះស្ថាន ខេមា នឹងត្រូវបានប្រើប្រាស់ដើម្បីបំពេញតម្រូវការអតិថិជនរបស់គ្រឹះស្ថានឥណទានជនបទ ដែលមានបំណងជួសជុលឬសាងសង់បង្គន់ អាងស្តុកទឹក តបណ្ដាញទឹកស្អាត ជីកអណ្ដូងទឹក ទិញឧបករណ៍ចម្រោះទឹក ស៊ីទែនទឹក និងម៉ាស៊ីនបូមទឹកប្រើប្រាស់នៅផ្ទះ ដើម្បីកាត់បន្ថយនូវជំងឺដង្កាត់ផ្សេងៗដែលបណ្តាលមកពីការខ្វះទឹកស្អាតប្រើប្រាស់ និងខ្វះអនាម័យ។
លោក ឌី ស៊ីថា ប្រធានក្លឹបគ្រឹះស្ថានឥណទានជនបទកម្ពុជា និងជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថាន ដៃគូ ហ្វាយនែន មានប្រសាសន៍ថា៖ “ការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះជាការទទួលបានប្រភពទុនបន្ថែមទៀត សម្រាប់គ្រឹះស្ថានឥណទានជនបទ ក្នុងការផ្ដល់ឥណទានទៅដល់អតិថិជនដែលត្រូវការទឹកស្អាតប្រើប្រាស់ និងបរិក្ខារអនាម័យ។ ហិរញ្ញប្បទានពីគ្រឹះស្ថាន ខេមា នឹងជួយផ្ដល់លទ្ធភាពឱ្យក្រុមគ្រួសារកាន់តែច្រើន ក្នុងការកែលម្អកម្រិតជីវភាពរស់នៅរបស់ខ្លួន”។
Water.org ជាអង្គការអន្តរជាតិមិនស្វែងរកប្រាក់ចំណេញ ដែលមានគោលដៅនាំមកនូវទឹកស្អាត និងអនាម័យទៅកាន់ពិភពលោក ដោយជួយឱ្យប្រជាជនមានទឹកស្អាតនិងអនាម័យប្រើប្រាស់ តាមរយៈកម្ចីខ្នាតតូច ដែលមានអត្រាការប្រាក់សមរម្យ ដើម្បីផ្ដល់ក្ដីសង្ឃឹមដល់ស្ដ្រី និងអនាគតភ្លឺស្វាងដល់កុមារ និងក្រុមគ្រួសារ។
ភាពជាដៃគូរវាងគ្រឹះស្ថាន ខេមា និងគ្រឹះស្ថានឥណទានជនបទ និងការគាំទ្រផ្នែកបច្ចេកទេសរបស់អង្គការ Water.org និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឆ្លុះបញ្ចាំងពីកម្លាំងសាមគ្គីភាព និងការប្តេជ្ញាចិត្តរួមគ្នារវាងគ្រឹះស្ថានហិរញ្ញវត្ថុ សមាគម និងអង្គការអន្តរជាតិ ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងជំរុញលទ្ធភាពទទួលបានទឹកស្អាត និងបរិក្ខារអនាម័យប្រើប្រាស់នៅតាមសហគមន៍៕