១៦ មីនា ២០២៤ – គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសិក្ខាសាលាស្ដីពី “ជំនាញលក់ឥណទានទឹកស្អាតនិងអនាម័យ និងការចរចាប្រកបដោយប្រសិទ្ធភាព” ដែលបណ្ដុះបណ្ដាលដោយអ្នកជំនាញ សម្រាប់បុគ្គលិកឥណទានមកពីសាខាទាំង៧។
ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលនេះ អ្នកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន ខេមា បានគូសបញ្ជាក់ពីគោលបំណង នៃសិក្ខាសាលានេះថា៖ “យើងចង់ជំរុញបុគ្គលិកលក់របស់គ្រឹះស្ថាន ឱ្យកាន់តែមានជំនាញក្នុងការផ្ដល់ឥណទានទឹកស្អាតនិងអនាម័យ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសហគមន៍ ដែលនេះជាឱកាសមួយដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុក្នុងការទទួលបានទឹកស្អាតនិងបរិក្ខារអនាម័យប្រើប្រាស់នៅតាមសហគមន៍ជនបទ”។
សិក្ខាសាលានេះត្រូវបានប្រព្រឹត្តទៅនៅ សណ្ឋាគារ ភ្នំពេញ ក្រោមជំនួយគាំទ្រពីអង្គការ Water.org និងកិច្ចសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ សិក្ខាសាលានេះមានវត្តមានចូលរួមរបស់ អ្នកស្រីប្រធានក្រុមប្រឹក្សាភិបាល លោកអគ្គនាយកប្រតិបត្តិស្ដីទី គណៈគ្រប់គ្រង និងបុគ្គលិកឥណទាន នៃគ្រឹះស្ថាន ខេមា សរុបចំនួន ១១៣នាក់។
បញ្ហាកង្វះទឹកស្អាត និងបរិក្ខារអនាម័យ បានបង្កឱ្យមានជំងឺជាច្រើនប្រភេទ ពិសេសប៉ះពាល់ដល់ការលូតលាស់របស់កុមារ ការធ្លាក់ចុះនៃសេដ្ឋកិច្ចគ្រួសារ ការរំលោភបំពានផ្សេងៗលើកុមារី និងស្រ្តី។ គ្រឹះស្ថាន ខេមា បានរួមចំណែកដាក់ចេញនូវដំណោះស្រាយទឹកស្អាត និងអនាម័យ ស្របនឹងចក្ខុវិស័យរបស់គ្រឹះស្ថាន និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈផលិតផលឥណទានរបស់ខ្លួន ក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍ និងដើម្បីផ្ដល់ស្ថិរភាពហិរញ្ញវត្ថុដល់គ្រួសារ។
គួរជម្រាបជូនថា គ្រឹះស្ថាន ខេមា បានចាប់ដៃគូជាមួយអង្គការ Water.org ដែលជាអង្គការអន្តរជាតិ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីទទួលបានជំនួយផ្នែកបច្ចេកទេស និងការគាំទ្រផ្សេងៗក្នុងការជំរុញបរិយាប័ន្នឥណទានទឹកស្អាតនិងអនាម័យ ដើម្បីផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាមានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ គ្រឹះស្ថាន ខេមា មានអតិថិជន ២២២នាក់ កំពុងប្រើប្រាស់ប្រាក់កម្ចីទឹកស្អាតនិងអនាម័យ និងបានបញ្ចេញឥណទានសរុបប្រមាណ ១៥០.០០០ដុល្លារអាមេរិក៕