១៧ សីហា ២០២៤ – គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសកម្មភាពដាំដើមឈើប្រណីត និងចែកកូនឈើហូបផ្លែចំនួន ៣៥០ដើម នៅសាលាបឋមសិក្សា សែនទាវ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដើម្បីអបអរខួបអនុស្សាវរីយ៍ ១៤ឆ្នាំ នៃគ្រឹះស្ថាន ខេមា។
ថ្លែងក្នុងកម្មវិធីដាំដើមឈើក្រោមប្រធានបទ «ភូមិខ្ញុំសម្បូរផ្លែឈើ» ប្រព្រឹត្តទៅនៅសាលាបឋមសិក្សា សែនទាវ លោក លី ឈាង អគ្គនាយកប្រតិបត្តិស្ដីទី នៃគ្រឹះស្ថាន ខេមា បានគូសបញ្ជាក់ថា គោលបំណងនៃកម្មវិធីភូមិខ្ញុំសម្បូរផ្លែឈើនេះ គឺដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅសហគមន៍ដាំដំណាំហូបផ្លែតាមផ្ទះ និងបណ្ដុះស្មារតីដល់ក្មួយៗសិស្សានុសិស្ស ឱ្យថែរក្សាសហគមន៍ដែលខ្លួនរស់នៅ ប្រកបដោយធម្មជាតិបៃតងស្រស់បំព្រង។
កម្មវិធីដាំដើមឈើ ដែលបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សា សែនទាវ ស្ថិតនៅក្នុងភូមិវាល ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺជាសកម្មភាពជំរុញការដាំកូនឈើប្រណីត និងដំណាំហូបផ្លែ នៅតាមសហគមន៍ ក្នុងន័យគាំពារបរិស្ថាន និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលនេះគឺជាការបង្ហាញពីឆន្ទៈ ក្នុងការចូលរួមការងារសង្គមរបស់ គ្រឹះស្ថាន ខេមា។ កម្មវិធីនេះមានវត្តមានចូលរួមរបស់ លោកអគ្គនាយកប្រតិបត្តិស្ដីទី អ្នកស្រីនាយិកាសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ និងបុគ្គលិកគ្រឹះស្ថាន ខេមា សរុបជាង ២៧០នាក់។
ក្រៅពីការដាំដើមឈើប្រណីតក្នុងបរិវេណសាលា គណៈគ្រប់គ្រងរបស់គ្រឹះស្ថាន ខេមា ក៏បានប្រគល់ជូននូវដើមឈើហូបផ្លែចំនួន ៣០០ដើម ដល់អាណាព្យាបាលសិស្ស និងសម្ភារមួយចំនួន ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងសាលាដូចជា៖ ចប ប៉ែល បង្គី រនាស់ ធុងស្រោចទឹក ធុងសម្រាមបរិស្ថាន និងសាប៊ូលាងដៃ។
គួរបញ្ជាក់ផងដែរថា គ្រឹះស្ថាន ខេមា បានរៀបចំកម្មវិធីដាំដើមឈើនេះជាលើកទីបីហើយ ដោយបានដាំដើមឈើសរុបចំនួន ១.៨៥០ដើម។ ទន្ទឹមនឹងនេះ គ្រឹះស្ថាន ក៏បានចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន និងលើកកម្ពស់សុខុមាលភាពសហគមន៍ តាមរយៈផលិតផលឥណទានបៃតង និងឥណទានទឹកស្អាតនិងអនាម័យផងដែរ៕